1/02/2013

F4​ ជួបជុំ​គ្នា​វិញ​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

| |
អ្នក​គាំ​ទ្រ​រឿង​ភាគ​តៃវ៉ាន់​ “ស្នេហា​ ៤ ដួង”​ (Meteor Garden)​ បាន​ទទួល​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ហើយ ​គឺ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ក្រុម​តារា​សម្ដែង​ទាំង​ ៤​ ដួង​នៅ​ក្នុង​រឿង​ភាគ​ “ស្នេហា​៤​ដួង”​នេះ។
ក្នុង ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ ប៉ុស្តិ៍​ទូរទស្សន៍​តៃវ៉ាន់​ Jiangsu Satellite TV ​ បាន​ប្រកាស​ថា​ នឹង​ចាក់​ផ្សាយ​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ F4​ ក្រោម​បទ​ចម្រៀង​ដ៏​ល្បី​នៅ​ក្នុង​រឿង​ភាគ​ “ស្នេហា​៤​ដួង” ដែល​មាន​ចំណង​ជើង​ថា​ Meteor Shower​ (បទ​ចម្រៀង​ខ្មែរ​ “កំដរ​អូន​មើល​ផ្កាយ​ដុះ​កន្ទុយ”)។
ក្រុម ​ការងារ​ទូរទស្សន៍​ Jiangsu Satellite TV​ នឹង​ធ្វើ​ការ​ចាក់​ផ្សាយ​ការ​សម្ដែង​ដែល​បាន​ថត​ទុក​ជា​មុន​របស់​ក្រុម​ F4​ ដែល​មាន​សមាជិក​ Jerry Yan (言承旭), Vanness Wu (吳建豪), Ken Chu (朱孝天), និង​ Vic Chou (周渝民)​ ច្រៀង​បទ  Meteor Shower​ ក្នុង​ឧកាស​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ចិន ​ដែល​នឹង​ប្រារព្ធ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។
នេះ ​គឺ​ជា​ការ​ជួប​ជុំ​គ្នា​ជា​យ៉ាង​ថ្មី​ស្រឡាង​មួយ​រវាង​សមាជិក​ F4​ បន្ទាប់​ពី​ពួក​គេ​បាន​ដើរ​ផ្លូវ​ផ្សេង​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។
“ស្នេហា ​៤​ដួង”​ (Meteor Garden)​ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំងក្លា​មិន​ត្រឹម​តែ​នៅ​ក្នុង​តៃវ៉ាន់​ ប៉ុណ្ណោះ​ទេ ​គឺ​នៅ​តាម​បណ្ដា​ប្រទេស​ប្រចាំ​អាស៊ី​ជា​ច្រើន​មាន​ដូច​ជា​ ចិន​ ហុងកុង​ សិង្ហបុរី​ ម៉ាឡេស៊ី​ ថៃ​ ឥណ្ឌូណេស៊ី​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ និង​ហ្វីលីពីន ក៏​ពេញ​និយម​ខ្សែ​រឿង​នេះ​ដែរ។
លើស​ ពី​នេះ​ទៀត​ ដោយសារ​តែ​ភាព​ល្បីល្បាញ​របស់​គេ​ ចេះ​តែ​មាន​ការ​កើន​ឡើង​ៗ វា​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​តៃវ៉ាន់​ បាន​ហៅ​ពួក​គេ​ទាំង​៤​នាក់​នេះ ​ទៅ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ទាក់ទាញ​ទេសចរ​ទៀត​ផង។ ជា​លទ្ធផល​ តៃវ៉ាន់​ទទួល​ចំណូល​បាន​ ១៤៥​លាន​ដុល្លារ​ចូល​ប្រទេស​ដោយ​ការ​យក​តារា​ទាំង​ ៤​ដួង​នេះ​ផ្សាយ​ពាណិជ្ជកម្ម​។
រឿង​ភាគ​ “ស្នេហា​៤​ដួង”​ (Meteor Garden)​ នេះ​ បាន​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​តៃវ៉ាន់​ដំបូង​ក្នុង​ឆ្នាំ​ ២០០១​ ដែល​មាន​តួឯក​ស្រី​ឈ្មោះ​សាន់​ ឆាយ​ សម្ដែង​ដោយ​ Barbie Hsu​ និង​តួ​ឯក​ប្រុស​ឈ្មោះ​ តោ​ មីង​សឺ​ សម្ដែង​ដោយ​ Jerry Yan ៕
តើ​ប្រិយមិត្ត​ចង់​ទស្សនា​សមិទ្ធផល​ថ្មី​របស់​ពួក​គេ​ឬ​ទេ?

0 បញ្ចេញមតិ:

Post a Comment

'
Animated Social Gadget - Blogger And Wordpress Tips