1/02/2013

ជើងខ្លាំងកម្ពុជា ២រូប ជួបអ្នកប្រដាល់ថៃ និងអង់គ្លេសនៅលើសង្វៀន​ បាយ័ននាថ្ងៃសុក្រ​ សប្ដាហ៍នេះ

| |
ភ្នំពេញៈ អ្នកប្រដាល់ជើងខ្លាំង ២រូបប្រចាំនៅកម្ពុជា គឺកីឡាករ កែវ រំចង មកពីក្លឹបកងពលតូច អន្ដរាគមន៍លេខ៣ (ភ្នំទ្រព្យ) និងកីឡាករ វ៉ន វីវ៉ា មកពីក្លឹបព្រះខ័នរាជ នឹងធ្វើការប្រកួតលក្ខណៈមិត្ដភាបអន្ដរជាតិជាមួយ អ្នកប្រដាល់ឆ្លងដែន មកពីប្រទេសថៃ និងប្រទេសអង់គ្លេស នាថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៣ នៅលើសង្វៀន នៃស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោ ។
សម្រាប់ ២ប្រកួតដែលជាគូ អន្ដរជាតិខាងលើនេះ គូទី១គឺជា ការជួបគ្នារវាងកីឡាករ កែវ រំចង់ ប្រកួតជាមួយកីឡាករ Changpuak Sittermsub (ហៅថាជេស្ដា) មកពីប្រទេសថៃក្នុង ប្រភេទទម្ងន់ ៦៩គ.ក្រ និងមួយប្រកួតទៀត គឺជាការជួបគ្នា រវាងកីឡាករ វ៉ន វីវ៉ា និងកីឡាករ Aron Alexender មកពីប្រទេសអង់គ្លេស ក្នុងប្រភេទទម្ងន់ ៧៥គ.ក្រ ។
ជំនួបរវាងកីឡាករ កែវ រំចង់ និងជេស្ដា គឺជាលើកទី១ ហើយដែលពួកគេ ទាំង២ជួបគ្នា។ ជេស្ដា គេធ្លាប់ចូលមកប្រកួត នៅលើទឹកដីនៃប្រទេសកម្ពុជា ជាច្រើនដងមកហើយៗ ក៏មិនដែលចាញ់នោះទេ សម្រាប់ការប្រកួតជាមួយ នឹងកីឡាករកម្ពុជា ។ ជេស្ដា ជាអ្នកប្រដាល់ដ៏ល្បី មួយរូបប្រចាំនៅក្នុង ប្រទេសថៃ មានបទពិសោធន៏ ប្រកួតច្រើនដង ប៉ុន្ដែចាញ់តិច ឈ្នះច្រើន ហើយកីឡាកររូបនេះ ក៏ធ្លាប់ផ្ដួលកីឡាករកម្ពុជា ឲ្យសន្លប់នៅលើរេញផងដែរ ។
ចំណែក កែវ រំចង់ វិញក៏មិនធម្មតាដែរ ព្រោះកីឡាកររូបនេះ ក៏ជាជើងខ្លាំងប្រចាំនៅប្រទេសកម្ពុជា ហើយគេធ្លាប់ប្រកួត យកឈ្នះលើកីឡាករថៃ ជាច្រើននាក់ផងដែរ ។ កែវ រំចង់ ជាកីឡាករដែលមានកម្លាំង និងបច្ចេកទេសខ្ពស់ នៅក្នុងពេលប្រកួត ។ ប្រកួតលើកចុងក្រោយ ឈ្នះកីឡាករ Tirapong Saengdaeng អ្នកប្រដាល់ថៃដោយពិន្ទុ ។ ចាំមើលនៅពេល កែវ រំចង់ ប៉ះជាមួយ ជេស្ដា វិញ តើកែវ រំចង់ អាចប្រកួតយកជ័យជម្នះ ក៏ដូចជាសងសឹកជំនួស កីឡាករកម្ពុជា ដែលធ្លាប់ចាញ់ អ្នកប្រដាល់ថៃរូបនេះ បានដែរ ឬក៏យ៉ាងណា?
ចំពោះកីឡាករ វ៉ន វីវ៉ា ជួបជាមួយ Aron Alexender ក៏ជាលើកទី១ដែរ ។ ការជួបគ្នារវាងកីឡាករ ទាំង២រូបនេះ គឺគ្រាន់តែជាការប្រកួត មិត្តភាពដើម្បីកម្ដៅសាច់ដុំ តែប៉ុណ្ណោះ ។ វ៉ន វីវ៉ា ជាអ្នកប្រដាល់ដែលមាន វ័យរាងចំណាស់ បន្ដិចហើយ ប៉ុន្ដែកម្លាំងរបស់គេ មិនអន់នោះទេ ។ ចំណែកកីឡាករ Aron Alexender គ្នាននរណាម្នាក់ដឹងថា គេមានស្នៀតប្រដាល់ល្អ ប៉ុណ្ណានោះទេ ព្រោះកីឡាកររូបនេះ ពុំធ្លាប់ចូលមកប្រកួត នៅលើរេញក្នុងប្រទេសកម្ពុជា យើងឡើយ ។ ទោះជាយ៉ាងណា មានតែរងចាំទស្សនា ទាំងអស់គ្នាប៉ុណ្ណោះ ថាតើ Aron Alexender មានទិចនិចល្អយ៉ាងណា ហើយគេអាច ទៅរួចជាមួយ វ៉ន វីវ៉ា បានឬក៏អត់ ?
ក្រៅពីគូមិត្តភាព អន្ដរជាតិ ២ប្រកួតខាងលើនេះ ក៏នៅមានការប្រកួត មិត្តភាពជាតិចំនួន ៤ប្រកួតទៀតផងដែរ ក្នុងនោះមានដូចជាកីឡាករ ឈាន រស្មី មកពីក្លឹបនៃ ខេត្តរតនៈគិរី ប្រកួតជាមួយកីឡាករ ចាន់ ស៊ីណាត អ្នកប្រដាល់មកពី ក្លឹបនិរោធមានជ័យ , កីឡាករ ថៃ ប៊ុនហាន មកពីក្លឹបបូរីនាគរាជ ប្រកួតជាមួយកីឡាករ ដេ រិច មកពីក្លឹបតាព្រហ្មមានជ័យ, កីឡាករ អ៊ឹង ប៉ូរ៉ា មកពីក្លឹបព្រះខ័នរាជ សុំសងសឹកជាមួយកីឡាករ ឯម លីថូ មកពីក្លឹប គ្រុឌមានជ័យ និងកីឡាករ ចាន់ ប៊ុនលេក មកពីក្លឹបនិរោធមានជ័យ ប្រកួតជាមួយកីឡាករ ម៉ាប់ ឆៃយ៉ា មកពីក្លឹបខ្លារខិន ៕
Photo by Looking Today
កីឡាករ កែវ រំចង និង កីឡាករ Changpuak Sittermsub

0 បញ្ចេញមតិ:

Post a Comment

'
Animated Social Gadget - Blogger And Wordpress Tips